
កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / សុខភាព / Author : ATH Sokren
នៅទីក្រុងដាកា សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសសេណេហ្កាល់បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមឱ្យមានសង្គមមួយប្រកបដោយបរិយាបន្នកាន់តែច្រើន និងឱ្យមានការគាំទ្រកាន់តែល្អប្រសើរជាងមុនសម្រាប់អ្នកដែលកើតជំងឺកម្រ។
កាលពីថ្ងៃទី៨ ខែកញ្ញា នៅមន្ទីរពេទ្យ Dalal Jamm ក្នុងទីក្រុងដាកា សហគ្រាសផលិតឱសថប៉េប៉េអឹមសេណេហ្កាល់ បានចូលរួមក្នុងទិវាយល់ដឹងពីជំងឺសាច់ដុំខ្សោយធ្ងន់ធ្ងរពិភពលោកលើកទី៧ រៀបចំឡើងដោយសមាគម Taxawuma Assistance។
លោក Malick Ndiaye ប្រធានផ្នែកលក់ តំណាងឱ្យលោកស្រី Coumba Diallo នាយិកផ្នែកនាំចេញរបស់សហគ្រាសប៉េប៉េអឹមប្រចាំសេណេហ្កាល់ បានចូលរួមនៅក្នុងទិវានោះ។ វត្តមានរបស់លោកគឺបង្ហាញពីការគាំទ្រជារៀងរហូតមករបស់សហគ្រាសចំពោះសមាគមចាប់តាំងពីការចាប់ផ្តើមនៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះក្នុងឆ្នាំ២០២០មក។
ប្រមូលផ្តុំទៅដោយអ្នកជំងឺ ក្រុមគ្រួសារ អ្នកជំនាញផ្នែកសុខភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងសហគមន៍ ព្រឹត្តិការណ៍នេះបានបង្ហាញពីតម្រូវការជាបន្ទាន់នូវសេវាថែទាំដ៏សមស្របសម្រាប់ជំងឺកម្រមួយនេះ។ កិច្ចប្រជុំពិភាក្សាផ្តោតទៅលើចំណុសំខាន់បីៈ កាត់បន្ថយការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យ កែលម្អសេវាថែទាំប្រចាំថ្ងៃសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ និងកៀរគរឱ្យមានការចូលរួមប្រកបដោយចីរភាពពីសំណាក់អាជ្ញាធរសាធារណៈ និងវិស័យឯកជន។
La myopathie de Duchenne គឺជាជំងឺខ្សោយសាច់ដុំដែលផ្លាស់ប្តូរសកម្មភាពសាមញ្ញបំផុតទៅជាការលំបាកប្រចាំថ្ងៃបន្តិចម្តងៗ។ ការឡើងជណ្តើរ ការដើរចុះឡើង ឬការញ៉ាំអាហារអាចក្លាយជាបញ្ហាប្រឈមពិតប្រាកដសម្រាប់អ្នកដែលរងផលប៉ះពាល់ពីជំងឺនេះ។ ស្ថិតក្នុងបរិបទនេះ ការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់គឺមានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យយើងត្រៀមខ្លួនការពារទុកជាមុននូវផលវិបាកដែលនឹងអាចកើតឡើង និងជួយឱ្យយើងផ្តល់ការថែទាំដល់កុមារបានកាន់តែប្រសើរឡើងទាំងផ្នែកវេជ្ជសាស្រ្ត ការអប់រំ និងសង្គម។
ក្នុងឱកាសនោះដែរ លោកស្រី Khadija Mahecor Diouf អភិបាលក្រុង Golf Sud និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់សមាគម Taxawuma Assistance បានទាមទារឱ្យមានវិធានការជាក់ស្តែងដើម្បីជួយដល់កុមារដែលរងផលប៉ះពាល់ដោយរោគសាស្ត្រទាំងនេះ។ លោកស្រីអំពាវនាវជាពិសេសឱ្យមានកន្លែងថែទាំដល់ពួកគេ និងការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការព្យាបាល។
តំណាងអាជ្ញាធរ និងមន្ទីរពេទ្យក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុកសម្រាប់ការផ្សព្វផ្សាយអប់រំឱ្យយល់ដឹង ការណែនាំពិគ្រោះយោបល់ និងការគាំទ្រសង្គម។ លោក Birahim Aidara Ndiaye ប្រធានសមាគម Taxawuma Assistance បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាៈ រាល់ថ្ងៃដែលយើងធ្វើរោគវិនិច្ឆ័យ រាល់អ្នកជំងឺម្នាក់ៗដែលទទួលបានការគាំទ្រកាន់តែប្រសើរ គឺជាវឌ្ឍនភាពឆ្ពោះទៅរកសេចក្តីថ្លៃថ្នូរ ស្វ័យភាព និងក្តីសង្ឃឹមកាន់តែខ្លាំង។
តាមរយៈការចូលរួមនេះ សហគ្រាសផលិតឱសថប៉េប៉េអឹម-សេណេហ្គាល់បញ្ជាក់ថា សកម្មភាពរបស់ខ្លួនមិនត្រូវបានកំណត់ត្រឹមការផលិត និងការផ្គត់ផ្គង់ឱសថប៉ុណ្ណោះទេ។ សហគ្រាសមានគោលនយោបាយទំនួលខុសត្រូវសង្គមដែលមានមូលដ្ឋានលើការអភិវឌ្ឍប្រកបដោយបរិយាបន្ន សាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះប្រជាជនដែលងាយរងគ្រោះបំផុត។
ដើម្បីជាកិច្ចតបស្នងចំពោះការគាំទ្រដោយឥតរាថយនេះ សមាគម Taxawuma Assistance បានផ្តល់ជាបណ្ណសរសើរជូនលោកស្រី Coumba Diallo ដោយលោក Malick Ndiaye ជាអ្នកទទួលជំនួសក្នុងនាមលោកស្រី។ បណ្ណសរសើរនេះបង្ហាញពីភាពជាដៃគូរយៈពេលវែងរវាងសហគ្រាសផលិតឱសថប៉េប៉េអឹម-សេណេហ្គាល់ និងសមាគម ព្រមទាំងជំនឿរួមគ្នាថា អ្នកជំងឺកម្រមួយនេះមិនគួរនាំទៅរកភាពឯកោ ឬការបោះបង់ចោលឡើយ៕